[ad_1]

Daniel Amartey (ឆ្វេង) របស់ Leicester ព្យាយាម​បិទ Sterling របស់ Man City អំឡុង​ការ​ប្រកួត នៅ Premier League កាល​ពី​ថ្ងៃ​អាទិត្យ​។

Man City បំបាក់ Leicester ដើម្បី​បន្ត​ពង្រឹង​តំណែង​លេខ ១

ក្រុងមេនឆេស្ទ័រ​: ក្រុម​មេឃខៀវ Manchester City បាន និង​កំពុង​នាំ​មុខ​ដាច់ ៦​ពិន្ទុ​ នៅ​ទី​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League បន្ទាប់​ពី​បាន​រា​រាំងមិន​ឱ្យ​ក្រុម​កញ្ជ្រោង​ខៀវ Leicester City វាយ​បក​បាន​សម្រេច ដោយ​ការ​យក​ឈ្នះ ក្នុង​លទ្ធផល ៦-៣ កាល​ពី​ថ្ងៃ​អាទិត្យ​។
ក្រុមដ៏​ពុះ​កញ្ជ្រោល Man City របស់​លោក Pep Guardiola (Pep)ស៊ុត​បញ្ចូល​​ទី​​ក្រុម​ភ្ញៀវ Leicester ដល់​ទៅ ៤គ្រាប់ ត្រឹម​រយៈ​ពេល​តែ ២៥​នាទី​ប៉ុណ្ណោះ ក្នុង​វគ្គ​ទី ១ នៃ​ការ​ប្រកួត​ដ៏​គួរ​ឱ្យ​ជក់​ចិត្ត​ នា​កីឡដ្ឋាន Etihad ដោយ​ក្នុង​នោះ​ប្រធាន​ក្រុម Kevin De Bruyne ជា​អ្នក​ស៊ុត​គ្រាប់​បើក​ឆាក មុន​នឹង​​កីឡាករ Riyad Mahrez (ប៉េណាល់ទី)​, Ilkay Gundogan និង Raheem Sterling (ប៉េណាល់ទី) បន្ថែម​ពី​ក្រោយ​បន្ត​បន្ទាប់​គ្នា​។
​យ៉ាង​ណា​ក្ដី ក្រុម​ Leicester ចាប់​ផ្ដើម​​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ នៅ​ពេល​ដែល​ខ្សែ​បម្រើ​ទាំង ២ James Maddison និង Ademola Lookman ព្រម​ទាំង​ខ្សែបយុទ្ធ Kelechi Iheanacho ទម្លុះ​សំណាញ់​ទី​ម្នាក់ ១គ្រាប់ ក្នុង​ចន្លោះ​ប្រមាណ​ជា​ ១០​នាទី នៅ​ដើម​​វគ្គ​ទី ២ ដែល​ធ្វើ​ឱ្យ​គ្រាប់​បាល់​នាំ​មុខ​នៅ​សល់​តែ ១គ្រាប់​ប៉ុណ្ណោះ​​។
តែ​ខ្សែ​ការពារ​ Aymeric Laporte បាន​បំផ្លាញ​ក្ដី​សង្ឃឹម​របស់​ក្រុម​កញ្ជ្រោង​ខៀវ​​ជាមួយ​នឹង​ការ​តែត​គ្រាប់​ទី ៥ ឱ្យ​ក្រុម​ Man City មុន​នឹង​ខ្សែប្រយុទ្ធ Sterling ធ្វើ​បាន​សម្រេច​គ្រាប់​ទី ២ របស់​ខ្លួន ក្នុង​ហ្គេម​នេះ នៅ​នាទី​ចុង​ក្រោយ ហើយ​ក៏​គ្រាប់​បាល់ ដែល​នាំ​ឱ្យ​នេះ ក្លាយ​ជាការ​ស៊ុត​បូក​បញ្ចូលគ្នា​ច្រើន​គ្រាប់​បំផុត​ សម្រាប់​ការ​ប្រកួត នៅ​ថ្ងៃ​​ Boxing Day (ការ​ប្រកួត ក្រោយ​ថ្ងៃ​បុណ្យគ្រិស្តស្មាស់) របស់​លីគ​កំពូល​អង់គ្លេស គិត​តាំង​ពី​ក្រុម​បិសាចក្រហម​ឈ្នះ Manchester United ក្រុម Oldham ក្នុង​លទ្ធផល​ដូច​គ្នា​នេះ​ដែរ កាល​ពី​ឆ្នាំ​១៩៩១​។​
លោក Pep នៅ​ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ បាន​ប្រាប់​ទៅ​អ្នក​សារព័ត៌មាន​ថា​៖ «វា​មាន​ការ​ប្រែប្រួល​លឿន​មែនទែន ពោល​ជា​ហ្គេម នៅ​ថ្ងៃ Boxing Day ដែល​មាន​ការ​ស៊ុត​បញ្ចូល​ទី​ច្រើន​គ្រាប់​បំផុត​។ សម្រាប់​គ្រប់​គ្នា វា​ជា​ការ​ប្រកួត​ដ៏​គួរ​ឱ្យ​ចង់​មើល​។ វា​ជា​ជ័យ​ជម្នះ​មួយ​ទៀត ដែលជា​ការ​សំខាន់​ណាស់ ក្នុង​ការ​បន្ត​ដំណើរ​ផ្លូវ​របស់​យើង តែ​វា​រាង​ប្លែក​ៗ​បន្តិច​។ នៅ​ពេល​លទ្ធផល ៤-២ គំនិត​របស់​កីឡាករ បាន​ចាប់​ផ្ដើម​ប្រែប្រួល​»​។​
Mahrez ស៊ុត​បាល់​ប៉េណាល់​ទី​ឱ្យ Man City នាំមុខ Leicester ២-០ អំឡុង​ការ​ប្រកួត នៅ Premier League កាល​ពី​ថ្ងៃ​អាទិត្យ​។
«ពេល​​លទ្ធផល ៤-៣ ហ្គេមស្ទើរ​តែ​ស្មើ​គ្នា​ ឬ​សូម្បី​តែ​ខាង​ក្រុម​គេ​ទំនង​ជា​អាច​ឈ្នះ​ទៀត​ផង​​ ព្រោះ​ការ​គិត​របស់​ពួក​គេ​ ពិត​ជា​មាន​កម្រិត​ខ្ពស់​ ហើយ​ពួក​យើង​ខ្លួន​ឯង​ ហាក់​មាន​ភាព​មិន​ច្បាស់​លាស់​។ តែ​យើង​មាន​ភាព​អត់​ធ្មត់ និង​បាន​បង្កើត​ឱកាស​ជាច្រើន ហើយ​ជាមួយ​នឹង​ការ​រៀប​ចំ​បាន​ល្អ ទី​បំផុត​យើង​ក៏​ឈ្នះ​ហ្គេម​នេះ​»​។ នេះ​ជា​ការ​បន្ថែម​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​។
ដោយ​ការ​ប្រកួត​របស់​ក្រុម​​លេខ ២ Liverpool ជាមួយ Leeds កាល​ពី​ថ្ងៃ​អាទិត្យ ត្រូវ​បាន​ផ្អាក ដោយសារ​មាន​ការ​ឆ្លង​ពី​វីរុស​កូរ៉ូណានោះ​ ក្រុម​មេឃខៀវ អាច​បន្ត​បន្លាយ​ការ​នាំ​មុខ​របស់​ខ្លួន​បន្ថែម​ទៀត​លើ​ក្រុម​គូ​ប្រជែង​ពាន​ដ៏​ចម្បង​របស់​ខ្លួន​។
ក្រុម​ការ​ពារ​ជើង​ឯក Man City ទាំង​លើក​នេះ​ផង ឈ្នះ​ដល់​ទៅ​ ៩លើក​ជាប់​ៗគ្នា​ហើយ សម្រាប់​ការ​ប្រកួត ក្នុង​លីគ ដោយ​ក្នុង​នោះ​ស៊ុត​បញ្ចូល​ទី​ចំនួន ១៧​គ្រាប់ សម្រាប់ ៣ហ្គេម​ចុង​ក្រោយ ខណៈ​ដែល​​ពួក​គេ​ផ្ដាច់​ឆ្នាំ​២០២១ ជាមួយ​​នឹង​ស្ទាយល៍​លេង​ដ៏​គួរ​ឱ្យ​ខ្លាច​រអារ​៕ AFP/VN

[ad_2]

Source link