[ad_1]



ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញនៅតែប្រើប្រាស់រថយន្តកែច្នៃ ដឹកជញ្ជូនអុសស្ទែរ ពីតំបន់ព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ មកទម្លាក់នៅចំណុចទួលស្រឡៅ ឃុំសំបូរ យ៉ាងរលូនដដែល។ បន្ទាប់មកទើបឈ្មួញលើកអុសដាក់រថយន្តធុនធំចំណុះរាប់សិបតោន ដឹកជញ្ជូនអុសស្ទែរ ចូលទៅរាជធានីភ្នំពេញ ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ បើតាមប្រភពខ្លះបានឲ្យដឹងថា ឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនអុសពីចំណុច ទួលស្រឡៅ ឃុំសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ គឺមានអ្នកកាង​ជាមន្ត្រីយោធា​ និងមន្ត្រីរាជអាវុធហត្ថ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
បើតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ ទេនោះគឺឈ្មួញមិនអាចចូលកាប់ដើមឈើមិនគ្រប់អាយុធ្វើជាអុស ដឹកចេញពីព្រៃបានឡើយ។ ទន្ទឹមនឹងនេះគឺទាល់តែមានការបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចអាវុធហត្ថព្រមទាំងសមត្ថកិច្ចនគរបាលក្នុងស្រុកសំបូរ ខេត្តក្រចេះ ទើបឈ្មួញអាចដឹកជញ្ជូនអុសពីស្រុកសំបូរ ចូលទៅឃុំទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានយ៉ាងគំហុក។ ចំណែកលោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ នៅតែបណ្តោយឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់នៃស្រុកសំបូរ នេះធ្វើអ្វីៗតាមអំពើចិត្ត ហើយលោក សាន្ត​ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនចាត់វិធានការឈ្មួញដឹកជញ្ជូនអុស យ៉ាងគគ្រឹកគគ្រេងនេះទេ។
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងទៀតថា ប៉ុន្មានថ្ងៃចុងក្រោយនេះឈ្មួញប្រើប្រាស់រថយន្តធំៗតទ្រុងតកន្ទុយវែងៗ ដឹកជញ្ជូនអុសស្ទែរចេញពីចំណុចទួលស្រឡៅ ចូលមករាជធានីភ្នំពេញ យ៉ាងពេញបន្ទុកព្រោះមានមន្ត្រីយោធា​ និងមន្ត្រីរាជអាវុធហត្ថជាអ្នកកាងដើម្បីផលប្រយោជន៍។ បញ្ហានេះកំពុងធ្វើឲ្យព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវប្រឈមនឹងសេចក្តីវិនាស ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចខេត្តក្រចេះ មិនចាត់វិធានការទប់ស្កាត់ឈ្មួញដែលដឹកជញ្ជូនអុសចូលទៅឃុំទួលសំបូរ​ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នោះទេ។ ជាពិសេសលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានសម្ងំស្ងាត់ឈឹងដោយធ្វើមិនដឹងមិនឮអ្វីទាំងអស់៕
លោក វ៉ា ថន អភិ​បាលខេត្តក្រចេះ
លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ




This entry was posted in ព័ត៌មានស៊ើបអង្កេត by មនសិការខ្មែរ. Bookmark the permalink.

[ad_2]

Source link