[ad_1]

កំពូលខ្សែប្រយុទ្ធ ល្បឿនផ្លេកបន្ទោរបារាំង កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) កំពុងស្ថិតក្នុងរាជធានី ឌូបៃ នៃរាជាណាចក្រអេមៀរាត់អារ៉ាប់ ដើម្បីលើកពានរង្វាន់ «Globe Soccer Awards» លើកទី១២ ដែលកីឡាករបានឈ្នះ ក្នុងនាមជាកំពូលកីឡាករប្រចាំឆ្នាំ២០២១។
កីឡាករវ័យ២២ឆ្នាំ បានឈ្នះពានខាងលើ ពីចំណោមបេក្ខកីឡាករដ៏ល្បីៗ ចំនួន៥នាក់ទៀត មានកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ការីម ប៊េនស៊េម៉ា (Karim Benzema) រ៉ូប៊ែរ ឡេវេនដូស្គី (Robert Lewandowski) គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) និងកីឡាករ ម៉ូហាមេដ សាឡា (Mohamed Salah)។

តាំងពីដើមរដូវកាល ២០២១ នេះមក ខ្សែប្រយុទ្ធរបស់ក្រុម ប៉ារីស (Paris Saint-Germain /បារាំង) រកគ្រាប់បាល់បានចំនួន១៥គ្រាប់ និងបញ្ជូនបាល់ឲ្យអ្នកផ្សេងទាត់បញ្ចូលទី បានចំនួន១៥ដង ពីចំណោមរាល់ការប្រកួតទាំងអស់ (រាប់ទាំងជាមួយក្រុម ប៉ារីស និងក្រុមជម្រើសជាតិបារាំង)។
បើទោះជា​មិនល្បីល្បាញ ដូចពានរង្វាន់​«បាល់មាស់»​នោះក៏ដោយ ក៏«Globe Soccer Awards» ត្រូវបានគេនិយាយ​ច្រើនឡើងៗ នៅប៉ុន្មានឆ្នាំចុងក្រោយ។ ពានរង្វាន់នេះ បង្កើតឡើងដោយសមាគមក្រុមបាល់ទាត់អ៊ឺរ៉ុប (ECA) ដោយមានការចូលរួមសហការ ពីសមាគមភ្នាក់ងារកីឡាករអ៊ឺរ៉ុប (EFAA)។

ក្នុងរយៈពេល១២ឆ្នាំ ដែលពានរង្វាន់ខាងលើមានវត្តមាន (ចាប់ពីឆ្នាំ២០១០) កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ បានឈ្នះពានមួយនេះ មានចំនួនច្រើនជាងគេ រហូតដល់៦លើក ក្នុងនោះ៥លើកជាប់ៗគ្នា (ពីឆ្នាំ២០១៦ មកទល់ឆ្នាំ២០២០)៕

[ad_2]

Source link