ប្រភពស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានឲ្យដឹងថា​ ចាប់តាំងពីលោក យូ ហេង បានឡើងកាន់តំណែងជាមេគយខេត្តបាត់ដំបង រហូតមកដល់ពេលនេះគឺលោក យូ ហេង បានប្រើប្រាស់តួនាទី និងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹង ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ប្រភពដដែលបានឲ្យដឹងទៀតថា ដោយសារចំនាយដើមទុនអស់ច្រើនសម្រាប់ដំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ទើបលោក យូ ហេង ខំប្រឹងស្រង់ដើមតាមច្រើនរូបភាពដោយគ្មានញញើត និងអ្វីទាំងអស់។ ចំណែកមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាពិសេ​សលោក គុណ ញឹម មិនត្រូវរក្សាភាពស្ងៀមស្ងាត់ដោយទុកឲ្យលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងមេៗគយតាមច្រកព្រំដែនខេត្តបាត់ដំបង រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយរបៀបនេះតទៅទៀត គួរតែមានវិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ផង។
មន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តបាត់ដំបង បានឲ្យដឹងថា លោក យូ ហេង បានយកជំនាញខាងពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្តរមានជ័យ មកអនុវត្តន៍ក្នុងតួនាទីជាប្រធានសាខាគយខេត្តបាត់ដំបង យ៉ាងត្រជាក់ចិត្តតែម្តង។ ការដែលលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង និងលោក អ៊ូ ហៃ អនុប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូន ទទួលបន្ទុកពិនិត្យឯកសា ហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងបែបនេះ គឺដោយសារតែមានលោក យូ ហេង ជាខ្នងបង្អែករឹងមាំដើម្បីការពារ។ ដូច្នេះលោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន គួរតែពិនិត្យឡើងវិញជាបន្ទាន់ព្រោះរឿងអាស្រូវពុករលួយរបស់បុគ្គល យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង គឺជារឿងមិនអាចបិទបាំងឲ្យជិតបានឡើយ។
ប្រភពពីសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធតាមច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំឡូត និងស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗនាំចូលពីប្រទេសសៀមតាមច្រកព្រំដែនទាំង៤ស្រុកនេះ គឺបង់ពន្ធមិនដល់៥០ភាគរយផងទេ​។ ក្រៅពីនេះឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយមេៗគយតាមច្រកព្រំដែន ព្រោះមានការបើកដៃពីសំណាក់បុគ្គល យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ដែលកំពុងប្រមូលលុយស្រង់ដើមតាមរបៀបពុករលួយយ៉ាងត្រជាក់ចិត្ត។ សូម្បីតែទំនិញហួសកាលកំណត់ប្រើប្រាស់ ទំនិញខូចគុណភាព ឬទំនិញជាប្រភេទចំណីអាហារមានផ្ទុកសារធាតុគីមី ក៏ឈ្មួញអាចនាំចូលតាមច្រកព្រមដែនក្នុងខេត្តបាត់ដំបង យ៉ាងរលូនដែរ ព្រោះលោក យូ ហេង មានខ្នងបង្អែករឹងមាំ ដោយមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយនោះឡើយ៕
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង




This entry was posted in ព័ត៌មានស៊ើបអង្កេត by មនសិការខ្មែរ. Bookmark the permalink.



Source link