[ad_1]

ប្រភពស្និទ្ធនឹងលោក ឈួន សោភា បានឲ្យដឹងថា ក្រោយពេលវិលត្រឡប់មកកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់5 ឬហៅថាមេគយចល័តតំបន់5ឡើងវិញ​គឺលោក ឈួន សោភា ល្បីល្បាញខាងពុករលួយខ្លាំងក្លាលើសមុនទៅទៀត។ លោក ឈួន សោភា មិនញញើតនឹងវិធានការ ឬចំណាត់ការណាមួយរបស់លោក គុណ ញឹម​ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នោះទេ ព្រោះមានខ្នងបង្អែករបស់លោក ឈួន សោភា មានឥទ្ធិពលខ្លាំងជាងលោក គុណ ញឹម ទៅទៀត។ ហេតុនេះហើយទើបលោក ឈួន សោភា បន្តសាងភាពល្បីល្បាញខាងពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ហើយលោក គុណ ញឹម ដែលជាអគ្គនាយកគយរក្សាភាពស្ងៀមស្ងាត់ ទុកឲ្យលោក ឈួន សោភា ធ្វើអ្វីៗតាមអំពើចិត្ត។
ក្រុមឈ្មួញ និងអាជីវកម្មដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់5 នៅចំណុចគល់ស្ពានទឹកថ្លា ផ្លូវជាតិលេខ5 សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាក្រុមគយចល័តតំបន់5 ប្រចាំស្នាក់ការនេះគាបយកលុយលើតុលើក្រោមតុពីពួកគាត់កាន់តែច្រើនជាងមុនទៅទៀត។ ក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងទៀតថា ទោះបីពួកគេដឹកជញ្ជូនទំនិញដែលបង់ពន្ធនាំចូលរួចហើយក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុដែរ។ ក្រុមមន្រ្តីគយចល័តតំបន់5ប្រចាំស្នាក់ការនៅចំណុចគល់ស្ពានទឹកថ្លា ផ្លូវជាតិលេខ5 ធ្វើអ្វីៗតាមបញ្ជារបស់លោក ឈួន សោភា មេគយចល័តតំបន់5 ដែលកំពុងល្បីល្បាញរឿងប្រព្រឹត្តអំពើអាក្រក់ និងអំពើពុករលួយ។
តាមការបង្ហើបពីមន្រ្តីគយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែកក្រាស់ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបលោក ឈួន សោភា ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត ហើយប្រព្រឹត្តអំពើពុករលួយពេញទំហឹង។ ប្រសិនបើគ្មានខ្នងបង្អែកក្រាស់ទេនោះគឺលោក ឈួន សោភា មិនអាចវិលត្រឡប់ទៅកាន់តំណែងដដែលឡើងវិញ ហើយប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាដូចសព្វថ្ងៃនេះឡើយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដោយឲ្យលោក ឈួន សោភា​ មេគយចល័តតំបន់5 ប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃតទៅទៀតទេ៕

[ad_2]

Source link