[ad_1]



Views:
3
ប្រែ​សម្រួលៈ​វាសនា​៖ ដោយ​ប្រកាស​មរណភាព ប្រធានាធិបតី​អាហ្វ្រិក​ខា​ត្បូង​លោក ស៊ី​រីក រ៉ា​ម៉ា​ផូសា បាន​និយាយថា វា​ជា​«​ការ​លាចាក​លោក​មួយទៀត​នៃ​ជន​អាហ្វ្រិក​ខាងត្បូង​​ជំនាន់​លេចធ្លោ​មួយ​ដែល​បាន​បន្សល់​ទុក​មរតក​អាហ្វ្រិក​ខាងត្បូង​សេរី​មួយ​ដល់​ពួកយើង​»​។​
ដេស​ម៉ុន ទូ​ទូ
​ជា​សត្រូវ​គ្មាន​ការស្រុះស្រួល​មួយរូប​ចំពោះ​របប​ប្រកាន់ពូជសាសន៍​នៅ​អាហ្វ្រិក​ខាងត្បូង លោកតា​ទូ​ទូ បាន​ធ្វើការ​មិន​ខ្លាច​នឿយហត់​និង​ដោយ​អហិង្សា​ដើម្បី​ការដួលរលំ​របប​​ប្រកាន់ពូជសាសន៍​មួយ​។​
​អាចារ្យ​សម្តី​មុត​តែ​ទឹកមុខ​រីករាយ​ជាប់​រូបនេះ បាន​ប្រើ​តុ​ទេសនា​របស់លោក​ក្នុងនាម​ជា​អ្នក​បួស​នៅ​ទីក្រុង​ចូ​ហានេ​ស្បឺក និង​ក្រោយ​មក​ជា​ប្រធាន​សង្ឃ​នៃ​ទីក្រុង​កេប​ថោន ​ព្រមទាំង​នៅក្នុង​បាតុកម្ម​សាធារណៈ​ជា​ញឹកញយ​ដើម្បី​ជំរុញ​សាធារណជន​អោយ​ប្រឆាំង​នឹង​វិសមភាព​ពូជសាសន៍ ទាំង​នៅក្នុង​ស្រុក​និង​នៅ​បរទេស​។​
​លោក រ៉ា​ម៉ា​ផូសា បាន​បន្ថែមថា « ចេញពី​វិថី​នៃ​ការតស៊ូ​ប្រឆាំង​នៅ​អាហ្វ្រិក​ខាងត្បូង រហូត​ដល់​តុ​ទេសនា​ន​នៃ​ព្រះវិហារ​ធំៗ​ក្នុង​លោក​និង​ទីកន្លែង​សក្ការ​ព្រម​ទាំំង​នៅ​ពិធីប្រ​​គល់​រង្វាន់​ណូបែល​សន្តិភាព អាចារ្យ​រូបនេះ​បាន​បង្ហាញអោយឃើញថា​ខ្លួនឯង​ជា​ជន​មិន​ប្រកាន់​សាសនា​ខាង​ណា រួម​ទាំង​ជា​ជើង​ឯកនៃ​សិទ្ធិមនុស្ស​សកល​ផង​»​។​
​ទូ​ទូ បាន​ស្លាប់​ដោយ​ស្ងៀមស្ងាត់​នៅ​មជ្ឈមណ្ឌល​សុខភាព​មួយ​នៅ​ទីក្រុង​កេប​ថោន នេះ​បើ​តាម​អង្គការ​Archbishop Desmond Tutu Trust បាន​ប្រកាស​កាលពី​​ថ្ងៃអាទិត្យ​ទី​២៦​ធ្នូ​។​លោក​បាន​ចូល​ដេកពេទ្យ​ជាច្រើន​លើក​ចាប់​តាំងពី​ឆ្នាំ​២០១៥ ក្រោយ​រកឃើញថា​មាន​ជំងឺមហារីក​ប្រូ​ស្តា​ត​នៅ​ឆ្នាំ​១៩៩៧​។​
​ពេញ​ទសវត្សរ៍​១៩៨០ នៅពេល​អាហ្វ្រិក​ខាងត្បូង​ញាំញី​ដោយ​អំពើ​ហិង្សា​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ និង​ការអនុញ្ញាត​អោយ​ប៉ូលិស​ប្រើ​ច្បាប់​ប្រទេស​ក្នុង​គ្រាអាសន្ន ហើយ​​យោធា​មាន​សិទ្ធិ​អំណាច​ទូទៅ​លោក​ទូ​ទូ​ជា​ជន​ស្បែក​ខ្មៅ​លេចធ្លោ​បំផុត​តែ​ម្នាក់​គត់​ដែល​អាច​និយាយ​ប្រឆាំងនឹង​ការរំលោភ​។​លោក​ជា​កម្លាំង​ធំ​សម្បើម​គួរអោយខ្លាច​សំរាប់​​ការផ្លាស់ប្តូរ​។​
​ការប្រគល់​រង្វាន់​ណូបែល​ដល់​រូប​លោក​នៅ​ឆ្នាំ​១៩៨៤​បាន​រំលេច​ឋានៈ​ខ្ពង់ខ្ពស់​របស់​លោក​ជា​ជើង​ឯ​កមាន​ឥទ្ធិពល​បំផុត​ម្នាក់​នៅក្នុង​លោក​ខាង​សិទ្ធិ​មនុស្ស និង​ជា​ការទទួល​​ខុស​ត្រូវ​មួយ​ដែល​លោក​បាន​ប្រកាន់ខ្ជាប់​ពេញ​មួយ​ជីវិត​របស់​លោក​ក្រោយមក​។​
​ជាមួយនឹង​ការបញ្ចប់​របប​ប្រកាន់ពូជសាសន៍​និង​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើកដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​ក្នុង​ឆ្នាំ​១៩៩៤ លោក​ទូ​ទូ​បាន​អបអរ​សង្គម​ពហុ​​ជាតិ​សាសន៍​លើកដំបូង​របស់​ប្រទេស ដោយ​បាន​ហៅ​វា​ថា​ជា​«​ប្រជាជាតិ​ឥន្ទធនូ​»​។​
​ទូ​ទូ និង​មិត្ត​រួម​ការតស៊ូ​អតីត ប្រធានាធិបតី ណែ​ល​សុន ម៉ង់​ដេ​ឡា បាន​ប្តេជ្ញាចិត្ត​រួម​គ្នា​ថា​នឹង​ស្ថាបនា​អាហ្វ្រិក​ខាងត្បូង​ស្មើភាព​និង​កាន់តែ​ល្អប្រសើរ​ឡើង​មួយ​។​
​ក្រោយ​ក្លាយជា​ប្រធានាធិបតី​នៅ​ឆ្នាំ​១៩៩៤ ម៉ង់​ដេ​ឡា​បាន​តែងតាំង​ទូ​ទូ​ជា​ប្រធាន​គណៈកម្មាធិការ​ស្វែងរក​ការពិត​និង​ផ្សះផ្សារ ជា​អង្គការ​ស្វែងរក​ការរំលោភ​របស់​ប្រព័ន្ធ​​គ្រប់​គ្រប​នៃ​របប​ប្រកាន់​ពូជសាសន៍​។​
​ទូ​ទូ​ក៏​ដឹកនាំ​យុទ្ធនាការ​ជា​អន្តរជាតិ​សំរាប់​សិទ្ធិមនុស្ស ជា​ពិសេស​សិទ្ធិ​មនុស្ស​ភេទ​ទី​៣ និង​អាពាហ៍ពិពាហ៍​មនុស្ស​ភេទ​ដូចគ្នា​៕​


Post navigation

[ad_2]

Source link