[ad_1]

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​ដៃគូ​អន្តរជាតិ​ចំនួន ​៥ ​ជួបពិភាក្សា​ពី​ការអនុវត្ត​គម្រោង​អភិរក្ស និង​ជួសជុល​ប្រាសាទ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​

សៀមរាបៈ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក​ហង់ ពៅ​កាលពី​ថ្ងៃទី​២៣ និង​២៤ ខែធ្នូ​នេះ​បាន​ជួបពិភាក្សា​ការងារ និង​ស្តាប់​នូវ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​របស់​ដៃគូ​អន្តរជាតិ​ចំនួន​៥ ដែល​កំពុង​អនុវត្ត​គម្រោង​សហការ អភិរក្ស និង​ជួសជុល​ប្រាសាទ​នានា នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​។
​យោង​តា​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃ​សៅរ៍​ទី​២៥​ខែធ្នូ​នេះ​បានឱ្យដឹងថា ជំនួប​រវាង​លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ហង់ ពៅ និង​ស្ថាប័ន​ដៃគូ​អន្តរជាតិ​ទាំងនោះ​គឺ​ដើម្បី​ពិភាក្សា​ការងារ និង​ស្តាប់​នូវ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​របស់​ក្រុមការងារ ដៃគូ​អន្តរជាតិ​ទាំងនោះ ជាពិសេស​ក្នុងអំឡុងពេល​នៃ​វ​ប​ត្តិ​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។
​ជំនួប​នេះ ក៏មាន​គោលបំណង​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហការ​ដ៏​ល្អ​របស់​ក្រុមការងារ​ដៃគូ​អន្តរជាតិ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​កិច្ចការ​អភិរក្ស និង​ជួសជុល​ក្នុង​គម្រោង​របស់ខ្លួន ព្រមទាំង​ទទួលបាន​លទ្ធផល​ដ៏​ល្អប្រសើរ បើទោះបីជា​គម្រោង​ស្ថិតក្នុង​ស្ថានភាព​លំបាក និង​ប្រឈម​នៃ​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក៏ដោយ​។
​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹង​បន្តថា ស្ថាប័ន​ដៃគូ​អន្តរជាតិ​ដែល​បានទទួល​ជួប​សំណេះសំណាល​នោះ​រួមមាន មជ្ឈមណ្ឌល​សិក្សា​អាស៊ី ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា តំណាង​ដោយ​លោក MIWA Satoru អ្នកប្រចាំការ​នៅក្នុង​ខេត្តសៀមរាប សម្រាប់​គម្រោង​អភិរក្ស និង​ជួសជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​, មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ តំណាង​ដោយ​លោក EO Jinkyu ប្រធាន​គម្រោង​ស្តីទី សម្រាប់​គម្រោង​អភិរក្ស​និង​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ និង​ព្រះ​លានជល់ដំរី​, ស្ថាប័ន​អា​ល្លី​ម៉​ង់ GIZ តំណាង​ដោយ​លោក Christoph BUECKER ទីប្រឹក្សាបច្ចេកទេស សម្រាប់​គម្រោង​អភិរក្ស​ថ្ម​ក្នុង​តំបន់​អង្គរ​, ស្ថាប័ន​ឥណ្ឌា Archaeology Survey of India (ASI) ដែល​តំណាង​ដោយ​លោក Devendra Singh Sood អ្នកជំនាញការ​របស់​ស្ថាប័ន ASI សម្រាប់​គម្រោង​ជួសជុល និង​អភិរក្ស​ប្រាសាទតាព្រហ្ម និង​ចុងក្រោយ​គម្រោង​សហការ​អភិរក្ស​អង្គរ​ជប៉ុន​-​អាជ្ញាធរ​ជាតិ​អប្សរា (JASA) តំណាង​ដោយ​លោក Mitsumasa Ishizuka អ្នកបច្ចេកទេស សម្រាប់​គម្រោង​ជួសជុល និង​អភិរក្ស​ប្រាសាទបាយ័ន​។​
​ក្នុងឱកាស​នោះ លោក​អគ្គនាយក ក៏បានផ្តល់​ជូន​សៀវភៅ​ស្តីអំពី “​សកម្មភាព​សម្រាប់​ការអភិរក្ស និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ ២០២០-២០២១” ដល់​ដៃគូ​អន្តរជាតិ​ទាំងនោះ​ផងដែរ​៕​

[ad_2]

Source link