បេនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ កាលពីល្ងាចថ្ងៃសៅរ៍ នៅកណ្តាលនៃ ការប្រារព្ធពិធីបុណ្យណូអែល នៅភាគឦសាននៃសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ ហៅកាត់ថា (DRC) រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងដូច្នេះ ។

យោងតាមឧត្តមសេនីយ៍ Ekenge Sylvain អ្នកនាំពាក្យរបស់អភិបាលខេត្ត North Kivu យ៉ាងហោចណាស់មនុស្ស ៦នាក់ រួមទាំងអ្នកបំផ្ទុះគ្រាប់បែក អត្តឃាតបានស្លាប់ និង ១៣នាក់ផ្សេងទៀតបានរងរបួសនៅក្នុង “ការវាយប្រហារភេរវកម្ម” នេះ។

សោកនាដកម្មនេះបានកើតឡើង “នៅម៉ោងប្រហែល៨យប់ ម៉ោងក្នុងស្រុក នៅច្រកចូលរង្គសាលមួយ ដែលមានមនុស្សកកកុញ ។ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ត្រូវបានរារាំងដោយសន្តិសុខ មិនឱ្យចូលទៅក្នុងរង្គសាលនោះ ដែលមានអតិថិជនច្រើន ហើយបានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក នៅច្រកចូលរង្គសាលនោះតែម្តង” ។

“យើងសូមអំពាវនាវឱ្យប្រជាជន មានការប្រុងប្រយ័ត្នគ្រប់មធ្យោបាយ និងជៀសវាងបរិយាកាស ដែលមានមនុស្សច្រើន ក្នុងរដូវវិស្សមកាលនេះ ។ នៅក្នុងទីក្រុង និងទឹកដីនៃ Beni វាពិតជាលំបាកណាស់ក្នុងគ្រាទាំងនេះ ដើម្បីដឹងថាអ្នកណាជានរណា ។ យើងទាំងអស់គ្នាត្រូវការមើលឲ្យច្បាស់ និងមានការប្រុងប្រយ័ត្ន” គាត់បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ។

អ្នកនាំពាក្យរដ្ឋាភិបាលកុងហ្គោ លោក Patrick Muyaya បានសរសេរថា “រដ្ឋាភិបាលថ្កោលទោស ការបំផ្ទុះនៅថ្ងៃបុណ្យណូអែល ដោយគ្រាប់បែកនៅក្នុងរង្គសាល មួយកន្លែងនៅក្នុងទីក្រុង Beni ដែលជាស្នាដៃរបស់អ្នកបំផ្ទុះអត្តឃាត ។ ការបាត់បង់អាយុជីវិតត្រូវបានរាយការណ៍ ។ សេវាសន្តិសុខត្រូវបាន ដាក់ពង្រាយរួចហើយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា



Source link