តាមប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង នៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងពេញបន្ទុកដដែល។ ប្រភពបានអះអាងទៀតថា​ បើទោះបីឈ្មួញ និងអាជីវករដឹកទំនិញ ដឹកជញ្ជូនដំឡូងមី និងកសិផលផ្សេងៗផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក គង់ សុភាព និងមន្ត្រីក្រោមឱវាទ មិនអាចតវ៉ាបាននោះទេ។ រហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស នៅតែរក្សាភាពស្ងៀមស្ងាត់ដោយទុកឲ្យបុគ្គលឈ្មោះ គង់ សុភាព នេះបន្តប្រព្រឹត្តអំពើករលួយយ៉ាងសុខស្រួលជាទីបំផុត។
មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងថា​ បើទោះបីកន្លងមករឿងអាស្រូវពុករលួយរបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន មិនទាន់ចាត់វិធានការណាមួយលើលោក គង់ សុភាពទាល់តែសោះ។ ជាពិសេសលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស នៅតែបណ្តោយឲ្យលោក គង់ សុភាព បន្តប្រព្រឹត្តអំពើពុករលួយតាមរបៀបជិញសេះលែងដៃយ៉ាងពេញបន្ទុកដដែល ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់នោះទេ។ ប្រការនេះហើយទើបលោក គង់ សុភាព កាន់តែមានឥទ្ធិពលខ្លាំងក្លាក្នុងការបង្កើនការប្រព្រឹត្តអំពើពុករលួយ ដែលប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយស្រេចតែអំពើចិត្តរបស់ខ្លួន។
ប្រភពស្និទ្ធនឹងលោក គង់ សុភាព បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ជាចៅហ្វាយនាយ ទេនោះគឺអំពើពុករលួយរបស់លោក គង់ សុភាព មិនអាចប្រព្រឹត្តទៅដោយរលូនបានឡើយ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​និងដឹកជញ្ជូន​ ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនត្រូវមើលរំលងតទៅទៀតនោះទេ។ ដោយហេតុថា អំពើពុករលួយរបស់លោក គង់ សុភាព ក្នុងរឿងប្រែក្លាយជញ្ជីងថ្លឹងរថយន្ត​ទៅជាជញ្ជីងថ្លឹងលុយយ៉ាងពេញបន្ទុកនេះ គឺជារឿងដែលមិនអាចបិទបាំងបានតទៅទៀតឡើយ៕
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​និងដឹកជញ្ជូន​
លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ
លោក គង់ សុភាព ប្រធានជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង




This entry was posted in ព័ត៌មានស៊ើបអង្កេត by មនសិការខ្មែរ. Bookmark the permalink.



Source link