រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ប្រធានរដ្ឋបាលព្រៃឈើ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តមណ្ឌលគីរីធ្វើកិច្ចសហការសហការជាមួយអាជ្ញាធរចាត់កំលាំងចុះដកនិងបំផ្លាញបង្គោលព្រំដីសម្បទានសេដ្ឋកិច្ចខុសច្បាប់ទាំងអស់ និងប្រមូលវត្ថុតាងដើម្បីកសាងសំណុំរឿងទៅតុលាការចាត់វិធានការទៅតាមច្បាប់។

ការណែនាំរបស់លោករដ្ឋមន្ត្រីនេះបានធ្វើឡើង នៅក្នុងឱកាសដែលលោកបានអញ្ចើញចុះពិនិត្យមើលពីស្ថានភាពជាក់ស្តែង នៅក្នុងភូមិសាស្ត្រដីចម្ការស្រល់ ស្ថិតនៅក្នុងឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី កាលពីរសៀលថ្ងៃ​ទី​២៦ ធ្នូ​ឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មានករណីកាប់ឈូសឆាយនិងដុតបំផ្លាញ ដើម្បីទន្ទ្រានយកដីកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនលើដីចម្ការស្រល់សម្បទានសេដ្ឋកិច្ចខុសច្បាប់ពីសំណាក់ជនអនាធិបតេយ្យមួយចំនួន។ ដូចនេះប្រធានរដ្ឋបាលព្រៃឈើ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តមណ្ឌលគីរីធ្វើកិច្ចសហការជាមួយអាជ្ញាធរចាត់កំលាំងចុះមកដក និងបំផ្លាញបង្គោលព្រំដីសម្បទានសេដ្ឋកិច្ចខុសច្បាប់ទាំងអស់នេះចេញ និងប្រមូលវត្ថុតាងដើម្បីកសាងសំណុំរឿងទៅតុលាការ។

លោករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋបាលព្រៃឈើ រៀបចំសាងសង់ស្នាក់ការ ឬជាប៉ុស្តិត្រួតពិនិត្យ និងលើកប៉ាណូ​ជាផែនទីបញ្ជាក់ជាដីកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋបាលព្រៃឈើ។

ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី ឱ្យរៀបចំផែនការអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់រុក្ខទេសចរណ៍ ស្ថានីយបង្កាត់ពូជផ្កាព្រៃ និងរុក្ខជាតិលម្អនិងឱសថ ធ្វើយ៉ាងណាប្រើប្រាស់ព្រៃចម្ការ​ស្រល់ឱ្យអស់​សក្តានុពល ដើម្បីទាញយកប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិនាពេលអនាគត៕

អត្ថបទ៖​ សំអឿន
The post រដ្ឋមន្ត្រីកសិកម្មឱ្យមន្ត្រីប្តឹងអ្នករំលោភដីចម្ការស្រល់ទៅតុលាការតាមច្បាប់ appeared first on Kampuchea Thmey Daily.



Source link