ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានឲ្យដឹងថា លោក ចាន់ តារា ដែលបានទទួលតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានប្រើតួនាទី និងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹង ដោយគ្មានខ្លាចញញើតនឹងអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះឈ្មួញទាំងធំទាំងតូចសម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រៃវល្លិ៍ នេះយ៉ាងគំហុកដែលជាប្រភពចំណុលដ៏ធំក្នុងការស្រង់ដើមរបស់លោក ចាន់ តារា និងបក្ខពួក។ អំពើពុករលួយរបស់លោក ចាន់ តារា អាចប្រព្រឹត្តទៅបានយ៉ាងរលូនត្រូវបានគេឲ្យដឹងថា ដោយសារមានការរួមដៃពីសំណាក់លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ដែលមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកអន្តោប្រវនេស៍ នោះផងដែរ។
ប្រភពស្និទ្ធនឹងលោក ចាន់ តារា បានបង្ហើបឲ្យដឹងថា បើគ្មានការបើកដៃនិងរួមសហការពីលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ទេនោះគឺលោក ចាន់ តារា មិនហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងដូចសព្វថ្ងៃនេះឡើយ ព្រោះអាចប្រឈមនឹងការព្រមានជាមិនខាន។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនត្រូវបណ្តោយឲ្យលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង និងលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារព្រៃវល្លិ៍ តាមអំពើចិត្តនោះតទៅទៀតទេ។ ហេតុនេះហើយចំពោះអំពើពុករលួយរបស់មេគយទាំង២នេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវមានវិធានការជាបន្ទាន់ខ្លះផង ព្រោះរឿងអាស្រូវបន្លំពន្ធគយរបស់មេគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ឈ្មោះ ចាន់ តារា នេះត្រូវបានលាតត្រដាងជាបន្តបន្ទាប់ជាច្រើនរួចទៅហើយ។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានឲ្យដឹងទៀតថា ចាប់ពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មួញទាំងធំទាំងតូចសម្រុកនាំចូលទំនិញតាមច្រកនេះយ៉ាងគំហុក ហើយការបង់ពន្ធស្ទើរមិនដល់៥០ភាគរយផងទេ ព្រោះឈ្មួញបានបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ចាន់ តារា ដែលកំពុងសាងភាពល្បីល្បាញខាងពុករលួយ។ ក្នុងនោះឈ្មួញធំៗដែលនាំចូលទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិព្រៃវល្លិ៍នេះ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅបានដោយរលូន និងស្ងប់ស្ងាត់។ ប្រសិនបើគ្មានការរួមសហការពីលោក ហេង សំបូរ ដែលជាបង្អែករឹងមាំទេនោះ គឺលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ មិនហ៊ានបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ យ៉ាងគំហុកដូចសព្វថ្ងៃនេះទេ៕
លោក គុណ ញឹម អគ្គនាយកគយ
លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង
លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍
This entry was posted in ព័ត៌មានស៊ើបអង្កេត by មនសិការខ្មែរ. Bookmark the permalink.
Leave A Comment