មន្រ្តីដែលស្និទ្ធនឹង​អតីតប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានបដិសេធការស្នើ​​សុំភ្នាល់ក្នុង​​ជម្លោះ​​នយោបាយពីសំណាក់កូន​​ប្រុស​​ច្បង​​លោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ទាក់ទិននឹងសញ្ញាបត្រ​ដែល​​លោក ហ៊ុន ម៉ាណែត ហៅថា «ជាការមាក់ងាយកម្រិតនៃការសិក្សារបស់ខ្លួន»។អតីតតំណាងរាស្រ្តគណបក្សប្រឆាំងមណ្ឌលខេត្តសៀមរាប លោក ម៉ែន សុថាវរិន្រ្ទ បាន​​ប្រាប់ ​​វី​អូ​​ឌី នៅថ្ងៃអង្គារនេះថា លោកមិនឯកភាពដូចការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះ​​ឡើយ​​។ លោកចាត់ទុកការស្នើភ្នាល់គ្នាពីសំណាក់កូនប្រុសច្បងរបស់លោក ហ៊ុន សែន នេះ ថាវាគ្រាន់តែជា​​របៀប​​ភ្នាល់​​តាម​​​វិធីកូនក្មេងឬឧបាយនៃអ្នកញៀនល្បែងតែប៉ុណ្ណោះ។បើដូចការចង់បាននេះមែន លោក ម៉ែន សុថាវរិន្រ្ទ ទាមទារឱ្យរដ្ឋាភិបាលបើកផ្លូវឱ្យអ្នក​​ន​យោ​​បាយ នៃអតីតគណបក្សសង្រ្គោះជាតិបានវិលចូលប្រទេសវិញ ហើយជ្រើសរើសមធ្យោបាយនៃការ​​ប្រ​​កួត​​គ្នា តាមការបោះឆ្នោត។លោកបន្តថា៖ «ហើយបើនិយាយពាក្យថា “ភ្នាល់” ខ្ញុំអត់ចង់និយាយទេ! ឥលូវនេះ យើងប្រកួតប្រជែងនៅក្នុងនាមជាបេក្ខជននាយករដ្ឋមន្រ្តីទៅ។ គណបក្សប្រជាជនកម្ពុជាគេជ្រើសរើសយកលោក ហ៊ុន ម៉ាណែត គេជ្រើសរើសយកគាត់ទៅ។ ចំណែកខាងគណបក្សសង្រ្គោះជាតិ យើងជ្រើសយក​​លោក សម រង្ស៊ី ជាបេក្ខភាពនាយករដ្ឋមន្រ្តី។ ដូច្នេះ យើងប្រកួតគ្នា​​តាមរបៀបនេះវិញល្អ ហើយឱ្យ​​លោក សម រង្ស៊ី ចូល[ប្រទេស]ទៅ ហើយអាហ្នឹងប្រកួត​​ប្រជែងតាមប្រជាធិបតេយ្យ​​​តែម្ដង។ ហើយនេះ​គឺជា​​ប្រជាធិបតេយ្យសេរីពហុបក្សមែនទែន»។បើទោះជាកន្លងទៅ មន្រ្តីរដ្ឋាភិបាលធ្លាប់អះអាងពីភាពស្អាតស្អំ ថាខ្លួនមិនដែលបានហាមឃាត់ការ​​វិលចូលស្រុកវិញរបស់មនុស្សមួយចំនួននៃអតីតគណបក្សប្រឆាំងក្ដី ក៏ពួកគេមិន​​អាច​​វិល​​ចូល​​​​កម្ពុជាបានដែរ ដោយសារតែ​​ជើង​​ហោះ​​ហើរនិងច្រកនៅតាមព្រំដែនត្រូវ​​បានរដ្ឋាភិបាលបិទ​​ជិត​​​។ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពី​កូនប្រុសច្បងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបបួល​​ប្រធាន​ស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ “ស្បថ​​ស្បែ” ដែលលោកហៅថា ជាការឆ្លើយតបមួយក្នុង​​ការជម្រះ​មន្ទិលសង្ស័យទាក់ទងសញ្ញាបត្រ​បបណ្ឌិតយោធារបស់ខ្លួន។នេះជាលើកទី១ហើយដែលលោក ហ៊ុន ម៉ាណែត ឌឺដងឱ្យលោក សម រង្ស៊ី ក្រោយពេលដែលលោកទទួលបានសំឡេងគាំទ្រសម្រាប់តំ​​ណែងជា​​​នាយករដ្ឋមន្រ្តីបន្តវេននាថ្ងៃអនាគត។តាមរយៈសារនយោបាយដែលបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃអង្គារនេះ លោក ហ៊ុន ម៉ាណែត បានបបួលលោក សម រង្ស៊ី ភ្នាល់គ្នាចាញ់ឈ្នះតាមរូបភាពបើកចំហ។ បើតាមលោក ហ៊ុន ម៉ាណែត ការ​បន្ទាបសញ្ញាបត្ររបស់លោកពីសំណាក់លោក សម រង្ស៊ី ថាជាសញ្ញា​​បត្រ​​កម្រិត២ ឬជាសញ្ញាបត្រ​​យោគ​យល់នោះ វាជាការមាក់ងាយដែលមិនអាចទទួល​យក​​បានឡើយ។  សម្រាប់ល្បែងនយោបាយដែលគេមើលឃើញថា លោក ហ៊ុន ម៉ាណែត ហាក់ដើរ​​មិនខុស​​ពី​​គន្លង​​ឪ​​ពុក​​របស់លោកប៉ុន្មាននោះ បានបង្ហាញតាមរយៈលក្ខខណ្ឌនៃការភ្នាល់គ្នានេះ។បើតាមលោក ហ៊ុន ម៉ាណែត លក្ខ​​ខណ្ឌដែលលោកកំណត់ជាសាច់ការនេះ គឺប្រសិនបើលោក​​ចាញ់ការភ្នាល់នោះ លោកនឹងលាលែងពីបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រ​ជា​ជនកម្ពុ​ជា។ ប៉ុន្តែប្រសិនបើលោកឈ្នះការភ្នាល់វិញ គឺលោក សម រង្ស៊ី ត្រូវឈប់ធ្វើ​​នយោ​​បាយចាប់​​ពីពេលនេះតទៅ​​។ ដើម្បីជាសក្ខីកម្ម លោក ហ៊ុន ម៉ាណែត ថែមទាំងចិត្តសឿងមួយកម្រិតទៀត ដោយជំ​​រុញ​​ឱ្យ​​លោក សម រង្ស៊ី ហ៊ានស្នើទៅសាកលវិទ្យាល័យទាំង៣ដែលខ្លួនធ្លាប់រៀន ចេញលិខិតបញ្ជាក់ពីកម្រិត​​នៃការ​សិក្សារបស់លោក​​​ផង។ជាងនេះទៀត ដើម្បីបង្ហាញពីតម្លាភាព លោកនឹងមិនខ្លាចឱ្យបណ្ដាញព័ត៌មានធំៗចុះផ្សព្វផ្សាយនៅចំពោះមុខនៃព្រឹត្តិការណ៍ដ៏សំខាន់នេះដែរ។នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ យល់ឃើញថា មក​​ដល់​​ពេល​​នេះទៅហើយ អ្នក​​ន​យោ​​បាយ​​ខ្មែរនៅតែមិនទាន់មានភាពចាស់ទុំនៅឡើយ។លោកបន្តថា សញ្ញាបត្រវាគ្រាន់តែក្រដាសសមួយសន្លឹកដែលបញ្ជាក់ពីកម្រិតនៃការ​​សិក្សា​​ប៉ុណ្ណោះ​​​​​ ​​​ប៉ុន្តែតម្លៃ​​ពិត​​របស់អ្នកសិក្សា​ គឺនៅត្រង់ការយល់ដឹងនិងផ្ដល់តម្លៃឱ្យគ្នា​ទៅវិញទៅមក។​​បើតាម​​លោកបណ្ឌិត សេក សុជាតិ ដើម្បីឱ្យកម្ពុជាមានភាពជឿនលឿនទាំងផ្នែកប្រជាធិបតេយ្យនិងការ​​គោ​​រព​​សិទ្ធិ​មនុស្ស អ្នកនយោបាយគួរធ្វើខ្លួនជាគំរូល្អសម្រាប់មនុស្សជំនាន់ក្រោយ ដោយមិន​​ត្រូវ​​យកការភ្នាល់ក្នុងជម្លោះបុគ្គល ​ដើម្បីយកចាញ់ឈ្នះសម្រាប់ល្បែងនយោបាយនោះទេ។លោកបន្តថា៖ «វិធីនៅក្នុងការដោះស្រាយ អ្នកនយោបាយគួរតែផ្លាស់ប្ដូរនូវ​​ផ្នត់គំនិតរបស់ខ្លួនជា​មុន ដើម្បី[បង្ហាញ]ទៅសាធារណជនឬមហាជនឱ្យយល់អំពីគុណតម្លៃនៃអ្នកនយោបាយ គុណតម្លៃនៃ​​បម្រើ​​ជាតិ និងបម្រើសង្គម។​​ អ្នកនយោបាយគួរ​​លះបង់ចោលនូវផ្នត់គំនិត​​ដែលអវិជ្ជមាន មិនត្រូវ​​ប្រើ​​​​ប្រា​ស់​​​​​​​​កម្លាំងបាយ ដែលជាមូលហេតុឬជាដើមចមនៃការឈាន​​ទៅដណ្ដើមយកមុខ​​តំណែងធំ​នោះ​​​​ទេ»។កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ លោក សម រង្ស៊ី ធ្លាប់បានទិតៀនទៅលើសញ្ញាបត្របណ្ឌិតយោធារបស់លោក ហ៊ុន ម៉ាណែត ថាវាគ្រាន់តែជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រប្រភេទ២ ដែលមានកម្រិតទាបជាងស្ដង់ដារធម្មតានៅប្រទេសគេ។សម្រាប់លោក ហ៊ុន ម៉ាណែត ដែលទើបទទួលបានការផ្ដល់សេចក្ដីទុកចិត្តពី​​គណៈកម្មាធិការ​​កណ្តាលនៃគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ បានចំអកឱ្យលោក សម រង្ស៊ី ថាការលើកឡើងនេះ​​ប្រ​​​ហែលអតីត​​មេ​បក្ស​​ប្រ​​ឆាំង​​ចាស់វស្សារូបនេះ មិនបោះបង់ការភ្នាល់​​ដូចលើក​​មុនទៀតឡើយ។ ​​ចំ​ណែក​​លោក ម៉ែន សុថាវរិន្ទ្រ វិញ បញ្ជាក់ថា អតីតគណបក្សប្រឆាំងមិនចាប់អារម្មណ៍របៀបនៃ​ការ​​ភ្នាល់បែបជាបុគ្គលនេះទេ ហើយក៏មិនចូលរួមក្នុងការភ្នាល់នេះដែរ៕



Source link