[ad_1]



ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឲ្យដឹងថា​ ព្រៃសហគមន៍ឈើទាលព្រឹស ក្នុងមូលដ្ឋានរប​ស់ពួកគាត់កំពុងប្រឈមនឹងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមឈ្មួញអ្នកមានលុយ អ្នកមានអំណាច។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែ​ង និងលោក សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់ករណីទន្ទ្រានកាន់កាប់ដីព្រៃសហគមន៍ឈើទាលព្រឹស ក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ជាបន្ទាន់។ ដោយហេតុថា មន្ត្រីបរិស្ថានក្នុងស្រុកថាឡាបរិវ៉ាត់ និងមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ដែលមិនចាត់វិធានការទប់ស្កាត់សកម្មភាពក្រុមឈ្មួញដែលទន្ទ្រានកាន់កាប់ដីព្រៃសហគមន៍យ៉ាងពេញបន្ទុកនោះឡើយ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្រុមឈ្មួញដែលមានការឃុបឃិតបើកដៃពីមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ជាប្រព័ន្ធនោះបានទន្ទ្រានកាន់កាប់ដីព្រៃសហគមន៍ឈើទាលព្រឹស យ៉ាងរលូនហើយលក់ដូរយកលុយចែកគ្នាធ្វើមានធ្វើបានតាមអំពើចិត្ត។ បច្ចុប្បន្នព្រៃឈើជាច្រើនហិកតា​ត្រូវវិនាស ព្រោះឈ្មួញកាប់រំលំ កាប់ដើមឈើយ៉ាងមហន្តរាយដើម្បីទន្ទ្រានកាន់កាប់ដីយកធ្វើជាកម្មសិទ្ធិក្នុងខណៈដែលមេឃុំចំការលើ និងអភិបាលស្រុកថាឡាបរិវ៉ាត់ បានរក្សាភាពស្ងៀមស្ងាត់។ លើសនេះទៅទៀតប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក៏ជួយរក្សានូវភាពស្ងៀមស្ងាត់នេះដែរ ដោយបណ្តោយឲ្យមន្ត្រីបរិស្ថានក្នុងស្រុកថាឡាបរិវ៉ាត់ ធ្វើអ្វីៗតាមអំពើចិត្ត ហើយសមត្ថកិច្ចក្នុងស្រុកថាឡាបរិវ៉ាត់ ក៏ជួយរក្សាភាពស្ងៀមស្ងាត់នេះផងដែរ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានលើកឡើងថា ប្រសិនបើគ្មានការទប់ស្កាត់ឲ្យបានទាន់ពេលវេលានោះទេ​ គឺព្រៃសហគមន៍ឈើទាលព្រឹស ក្នុងភូមិរំដេង ឃុំកំពង់ចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវឈ្មួញទន្ទ្រានកាន់កាប់ទាំងស្រុងជាមិនខាន។ ហេតុនេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនត្រូវបណ្តែតបណ្តោយតទៅទៀតទេ ហើយគួរតែចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ក៏ដូចជាចាត់វិធានការទៅលើមន្ត្រីដែលជាប់ពាក់ព័ន្ធផងដែរ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា មន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុកគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនទើបសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃសហគមន៍ឈើទាលព្រឹស កើតឡើងយ៉ាងអនាធិបតេយ្យ៕
លោក សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែ​ង




This entry was posted in ព័ត៌មានស៊ើបអង្កេត by មនសិការខ្មែរ. Bookmark the permalink.

[ad_2]

Source link