ដោយ : ភ្នំសន្ទុក -ភ្នំស្វាយ / កំពង់ធំៈក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំកាលពីថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២១ បានកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តន៍ការងារសម្រាប់ឆ្នាំ២០២២ ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំបានដាក់ចេញនូវទិសដៅការងារសំខាន់ៗចំនួនប្រាំបួនចំណុច ដល់ក្រុមការងារដើម្បីបន្តអនុវត្តន៍ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់នៅក្នុងឆ្នាំថ្មីនេះ ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្រ្តែយ៍, លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ រួមទាំង មានសមាជិក សមាជិការនៃក្រុមកាងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតបានចូលរួមផងដែរ នៅសាលប្រជុំរបស់ខេត្តកំពង់ធំ។
អង្គប្រជុំបានបង្ហាញពីលទ្ធផលដែលក្រុមការងារបានអនុវត្តកន្លងមកមានដូចជា៖ ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ការចាក់វ៉ាស់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងដំណាក់កាលកូវីដ-១៩និងការងារឆ្វៀលដី នៅតំបន់៣ និងតំបន់២ ពិសេសការអនុវត្តបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបង្ក្រាប ទប់ស្កាត់បទល្មើសនៃការកាប់ទន្រ្ទានដីព្រៃលិចទឹកនៅតំបន់បឹង ទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងការអនុវត្តសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ ៧០៥ សជណ ចុះថ្ងៃទី០៣ ខែធ្នឆ្នាំ២០២១ ពាក់ព័ន្ធនឹងការចាត់ វិធាន ការបង្រ្កាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងអនុប្រធានអចិន្រ្តែយ៍ក៏បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផលនៃការចុះបង្រ្កាប និងការត្រួតពិនិត្យការប្រើប្រាស់ដីរបស់ប្រជាពលរដ្ឋ ដែលបាន អាស្រ័យផល នៅក្នុងតំបន់២ តំបន់៣ និងចុះស្រង់ទិន្នន័យរបស់ប្រជាពលរដ្ឋដែលបានប្រើប្រាស់ និងអាស្រ័យផលលើដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប (តំបន់៣) ស្ថិតនៅក្នុងស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ការចុះត្រួតពិនិត្យបង្គោលកំណត់តំបន់៣និងការធ្វើយុទ្ធនាការដាំដើមឈើឡើងវិញនៅតាមខ្សែបន្ទាត់តំបន់៣ និងដីដែលបានកាន់កាប់ទន្ទ្រានកន្លងមក ដើម្បីធានានិរន្តរភាពធនធានធម្មជាតិ និងបរិស្ថាន។
បន្ទាប់ពីអង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នារួច លោករដ្ឋមន្ត្រី ថោង ខុន ក៏បានដាក់ចេញនូវទិសដៅអនុវត្តការងារបន្តចំនួនប្រាំបួនចំនួន ដូចជា៖
ទី១.អនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការចុះបង្រ្កាប និងទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៅតំបន់ទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ (តាមរយៈការអនុវត្តសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ ៧០៥ សជណ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងនោះត្រូវជំរុញអនុវត្ត សជណ លេខ ១០០៣ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ និង សជណ លេខ ១០៤៤ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីប្រជាជនអាច មាន សិទ្ធិកាន់កាប់ និងអាស្រ័យផល)។

ទី២.បន្តអនុវត្តការងារប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ និងកិច្ចដំណើរការចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ និងដូសជំរុញជូនប្រជាពលរដ្ឋ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តីឲ្យបានម៉ឺងម៉ាត់។
ទី៣៖.បន្តពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋដែលនៅសល់ចំនួន ១៦៥ករណី ក្នុងនោះយកចិត្តទុកដាក់ដោះស្រាយទំនាស់ ឬជម្លោះក្រៅប្រព័ន្ធតុលាការ។
ទី៤.បន្តចុះរៀបចំវេទិកាសាធារណៈតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីពិនិត្យ និងដោះស្រាយនូវសំណើ បញ្ញាប្រឈម ក្តីកង្វល់ និងសំណូមពររបស់ ប្រជាពលរដ្ឋ មូលដ្ឋានឲ្យមានប្រសិទ្ធភាព និងតម្លាភាព។
ទី៥.បន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
ទី៦.បន្តខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួល ខុសត្រូវ មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
ទី៧.បន្តជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។
ទី៨. ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេលើកទី៧ នាខែមីនា ឆ្នាំ២០២២ ខាងមុខនិងទី៩៖ ខិតខំលុបបំបាត់អំពើអសកម្ម/ចំនុចខ្វះខាត និងធ្វើអំពើល្អ ដើម្បីបង្កើនភាពជឿជាក់ ទុកចិត្ត និងកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល៕សរន

The post ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំដាក់ចេញនូវផែនការ០៩ចំណុចបន្តអនុវត្តន៍សម្រាប់ឆ្នាំ២០២២ appeared first on Rasmei Kampuchea Daily.



Source link