ប្រភពព័ត៌មានពីប្រជានេសាទ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា​ បច្ចុប្បន្នសកម្មភាពអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់កើតឡើងយ៉ាងពេញបន្ទុកក្នុងផ្ទៃបឹងទន្លេសាប តំបន់បាឡត ឃុំពាមបាង​ ស្រុកស្ទោង ព្រោះមានការបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ។ ប្រជានេសាទបានអះអាងថា ការបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បាឡត នាពេលកន្លងមកបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះក្រោយពេលបង្ក្រាប បទល្មើសនៅតែកើតឡើងពេញបន្ទុកដដែល។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ត្រូវចាត់វិធានការបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ឃុំពាមបាង នេះប្រកបដោយប្រសិទ្ធភាព។
សេចក្តីរាយការណ៍ពីប្រជានេសាទ បានឲ្យដឹងទៀតថា អ្នកនេសាទជនជាតិយួនបានប្រើទូកធំៗជាច្រើនគ្រឿងអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់ចាប់ត្រីរាប់សិបតោនក្នុងមួយថ្ងៃៗ ដោយគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាទប់ស្កាត់ឡើយ។ ផ្ទុយទៅវិញលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពានបាង និងលោក ហុក ម៉ន់ នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង និងមន្ត្រីបរិស្ថានប្រចាំតំបន់ពាមបាង ជាអ្នកឃុបឃិតឲ្យជនជាតិយួន ប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងមហន្តរាយ។ ចំណែកលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ នៅតែបណ្តោយឲ្យមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់បឹងទន្លេសាប ឃុំពាមបាង ស្រុកស្ទោង ធ្វើអ្វីៗតាមតែទំនើងចិត្ត។
តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងទៀតថា ប្រសិនបើគ្មានការបើកដៃពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ទេនោះគឺមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់ពាមបាង មិនហ៊ានបណ្តោយឲ្យបទល្មើសនេសាទកើតឡើងយ៉ាងគំហុកនោះទេ។ ហេតុនេះហើយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ត្រូវមានការពិនិត្យឡើងវិញជាបន្ទាន់ កុំឲ្យមើលរំលងតទៅទៀត។ ប្រភពពីប្រជានេសាទនៅឃុំពាមបាង បានឲ្យដឹងដែរថា រយៈពេលជិត២សប្តាហ៍ហើយ ដែលជនជាតិយួនបានធ្វើសកម្មភាពអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់បំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយ៕
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ



Source link