[ad_1]



ករណីសមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបរថយន្តដឹកឈើរបស់ឈ្មួញឈ្មោះ ព្រុំ វុទ្ធី ហៅ ធីពុករលួយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះច្រើនឆ្នាំមកហើយមន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងខេត្តព្រះវិហារ មិនដែលហ៊ានប៉ះពាល់ឈ្មួញម្នាក់នេះទេ។ កន្លងមកឈ្មួញឈ្មោះ ព្រុំ វុទ្ធី បានធ្វើសកម្មភាពដឹកជញ្ជូនឈើក្នុងស្រុកជ័យសែន ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ បានចូលទៅចែកចាយតាមដេប៉ូក្នុងខេត្តកំពង់ធំ យ៉ាងរលូនរហូតមានឈ្មោះថា ជាឈ្មួញជើងខ្លាំងក្នុងស្រុកជ័យសែន។ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកជ័យសែន ក៏ដូចជានៅស្រុករវៀង កន្លងមកមិនដែលហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ព្រុំ វុទ្ធី ហៅ ធីពុករលួយ ម្នាក់នេះទេព្រោះដឹងច្បាស់ថា ឈ្មួញម្នាក់នេះមានមន្ត្រីធំនៅពីក្រោយខ្នងចាំអន្តរាគមន៍។
តាមប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ព្រុំ វុទ្ធី ហៅ ធីពុករលួយ បានបង្ហើបឲ្យដឹងថា​ ករណីសមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើរបស់ឈ្មួញរូបនេះកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ទំនងជាឈ្មួញនេះចង់លោតឆ័ត្រគេចវេសមិនបង់លុយតាមការកំណត់ ទើបត្រូវបានបង្ក្រាបជាការព្រមាន។ ដោយហេតុថា ច្រើនឆ្នាំមកហើយឈ្មួញឈ្មោះ ព្រុំ វុទ្ធី បានប្រមូលទិញឈើនៅភូមិភ្ញាក់រលឹក ភូមិស្រែវាល ភូមិឆ្មា​ ភូមិចំរើន ដឹកជញ្ជូនឆ្លងកាត់ស្រុករវៀង ចូលទៅខេត្តកំពង់ធំ យ៉ាងពេញបន្ទុកមិនដែលប្រឈមនឹងការបង្ក្រាបអ្វីឡើយ។ លោក ស៊ុំ ស៊ីវុទ្ធា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ត្រូវបានគេដឹងថា​ ជាអ្នកសម្របសម្រួលឲ្យឈ្មួញឈ្មោះ ព្រុំ វុទ្ធី ហៅ ធីពុករលួយនេះដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ ទាំងយប់ទាំងថ្ងៃ។
បើតាមប្រភពពីឈ្មួញឈើក្នុងខេត្តព្រះវិហារ បានបង្ហើបឲ្យដឹងថា ឈ្មួញឈ្មោះ ព្រុំ វុទ្ធី មានកូនប្រសាធ្វើការនៅក្នុងអគ្គភាពប្រឆាំងអំពើពុករលួយ ទើបមានរហស្សនាមថា ធីពុករលួយ ដែលល្បីល្បាញខ្លាំងខាងដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ​ ចូលមកខេត្តកំពង់ធំ យ៉ាងពេញបន្ទុក។ រីឯការបង្ក្រាបរថយន្តដឹកឈើរបស់ឈ្មួញឈ្មោះ ព្រុំ វុទ្ធី ហៅ ធីពុករលួយ កាលពីថ្ងៃទី២២ ខែធ្នូ កន្លងទៅនេះ បានត្រឹមតែធ្វើឲ្យល្អមើលតែប៉ុណ្ណោះ ព្រោះឈ្មួញឈ្មោះ ព្រុំ វុទ្ធី មិនប្រឈមនឹងវិធានការ​ផ្លូវច្បាប់ឡើយ។ សមត្ថកិច្ចបានត្រឹមតែយករថយន្ត និងឈើជាវត្ថុតាងទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ ជ័យសែន ដើម្បីចាត់ការតាមនីតិវិធី ហើយឈ្មួញឈ្មោះ ព្រុំ វុទ្ធី ហៅ ធីពុករលួយ នេះដែលមានខ្នងបង្អែកក្រាស់នៅតែគេចផុតពីសំណាញ់ច្បាប់ដដែល៕
លោក ស៊ុំ ស៊ីវុទ្ធា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង
ឈ្មួញឈ្មោះ ព្រុំ វុទ្ធី ហៅ ធីពុករលួយ




This entry was posted in ព័ត៌មានស៊ើបអង្កេត by មនសិការខ្មែរ. Bookmark the permalink.

[ad_2]

Source link