[ad_1]

ភ្នំពេញ​ ៖​ ក្រសួងអប់រំ​ យុវជន​ និងកីឡា​ បានឲ្យដឹងថា​ ថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ (បាក់ឌុប)​ មានបេក្ខជនអវត្តមាន​ ចំនួន៤២២៤នាក់ និងមានបញ្ហាសុខភាព ចំនួន២៩ករណី។

តាមរយ:គេហទំព័រហ្វេសប៊ុក​ នាថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២១​ ក្រសួងអប់រំ​ បានបញ្ជាក់ថា​ ថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង​ ៖ ២៧ ធ្នូ ២០២១ បានបញ្ចប់ទៅដោយជោគជ័យ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ដោយបេក្ខជន​ បានគោរពតាមបទប្បញ្ញត្តិដែលដាក់ចេញដោយ​ ក្រសួងអប់រំ។

ក្រសួង​ បានបញ្ជាក់យ៉ាងដូច្នេះថា​ «បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់ ។ ចំនួនបេក្ខជនអវត្តមានថ្ងៃនេះមានចំនួន៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជាភាគរយ៣,៧ %»។

ក្រសួង​ បន្ថែមថា​ សម្រាប់ការប្រឡងនាថ្ងៃទី១នេះ ថ្នាក់វិទ្យាសាស្ដ្របានប្រឡងមុខវិជ្ជាប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា និងភាសាបរទេស ចំណែកឯបេក្ខជនថ្នាក់វិទ្យាសាស្ដ្រសង្គមបានប្រឡងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងភាសាបរទេស។

ក្រសួង​ លេីកឡេីងថា​ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ បេក្ខជនអនុវត្តតាមបទប្បញ្ញត្តិ វិធានសុខភាពនិងសុវត្ថិភាព និងសេចក្ដីណែនាំប្រតិបត្តិនានា របស់ក្រសួងអប់រំ យុវជន និងកីឡា គ្មានការយកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិក ចូលក្នុងមណ្ឌល និងបន្ទប់ប្រឡងឡើយ។ បេក្ខជនទាំងអស់បានអនុវត្តយ៉ាងល្អ និងខិតខំប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។

លេីសពីទៀត​ គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស មានការចិត្តយកទុកដាក់បំពេញភារកិច្ច ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមានការចូលរួមសហការពី អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

ក្រសួងអប់រំ​ បានឲ្យដឹងទៀតថា​ «បេក្ខជនមានបញ្ហាសុខភាព ចំនួន ២៩ករណី ក្នុងនោះ បេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់អោយប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន៧នាក់ និងបេក្ខជនមានបញ្ហាសុខភាពដទៃទៀតចំនួន២០នាក់។ បេក្ខជនដែលមានបញ្ហាសុខភាព និងវិជ្ជមានជំងឺកូវីដ-១៩ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ នៅក្នុងដំណើរការប្រឡងនាថ្ងៃទី១ នេះក៏មានគណៈមេប្រយោគចំនួន២នាក់ ផងដែរដែលមានបញ្ហាសុខភាព»។

ក្រសួងអប់រំ បានថ្លែងអំណរគុណដល់គណៈមេប្រយោគ គណៈកម្មាការ ក្រសួងស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ អាជ្ញាធរដែនដី ក្រសួងសុខាភិបាល កងកម្លាំង អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ មាតាបិតា ព្រមទាំងសិស្សានុសិស្សទាំងអស់ដែលចូលរួម បំពេញតួនាទី និងគោរពទៅតាមបទប្បញ្ញត្តិបានល្អ ធ្វើឲ្យដំណើរការប្រឡងថ្ងៃទី១ បញ្ចប់ទៅដោយភាពរលូន និងជោគជ័យ៕

[ad_2]

Source link