[ad_1]
តាមប្រភពពីប្រជាពលរដ្ឋនៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានឈ្មួញប្រើប្រាស់រថយន្តធុនធំពាក់ស្លាកលេខ ភ្នំពេញ 3D-3623 ដឹកជញ្ជូនឈើផ្ទះចាស់ចេញរាប់ឆ្នាំមកហើយមិនចេះអស់។ ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកត្រពាំងប្រាសាទ ទំនងជាទទួលបានផលប្រយោជន៍ពីឈ្មួញម្នាក់នោះទើបមិនចាត់វិធានការទប់ស្កាត់ ហើយបណ្តោយឲ្យឈ្មួញរូបនេះធ្វើសកម្មភាពរាប់ឆ្នាំយ៉ាងរលូន។ ជាពិសេសលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ ត្រូវបានគេដឹងថា កំពុងសប្បាយប្រមូលលុយពីបទល្មើសព្រៃឈើដែលកើតឡើងយ៉ាងពេញបន្ទុកព្រោះអាងមានលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ជាបង្អែក។
តាមប្រភពពីមន្ត្រី និងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្រុមឈ្មួញបានដឹកជញ្ជូនឈើចេញពីភូមិសៃនសុខជារៀងរាល់ថ្ងៃយកទៅលក់តាមបណ្តាខេត្តមួយចំនួនដូចជាខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ហើយមិនដែលប្រឈមនឹងការបង្ក្រាបទាល់តែសោះ។ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកត្រពាំងប្រាសាទ ក៏ដូចជាមន្ត្រីជំនាញ និងសមត្ថកិច្ចតាមផ្លូវមិនហ៊ានប៉ះពាល់ឈ្មោះនោះទេ ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ លោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ និងលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ តែងតែបណ្តោយឲ្យលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ ធ្វើអ្វីៗតាមតែអំពើចិត្ត។
ប្រភពខ្លះទៀតបានឲ្យដឹងថា ដោយសារមានការឃុបឃិតជាប្រព័ន្ធទើបឈ្មួញអាចដឹកជញ្ជូនឈើ គ្រឿងផ្ទះចាស់ចេញពីភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឆ្លងកាត់ផ្លូវដីក្រហមចេញទៅច្រកផ្លូវស្រុកស្វាយលើ ចូលទៅខេត្តសៀមរាប បានយ៉ាងរលូន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រឿងផ្ទះចាស់ៗ ចេញពីភូមិសែនសុខ ឃុំទំបន់ដាច់ រាប់ឆ្នាំមកហើយមិនចេះអស់ទាល់តែសោះ មិនដឹងបានឈើមកពីប្រភពណាខ្លះនោះឡើយ។ បញ្ហានេះលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋលព្រៃឈើនៃក្រសួងកសិកម្ម មិនត្រូវបណ្តែតបណ្តោយតទៅទៀតទេ ព្រោះបទល្មើសព្រៃឈើក្នុងស្រុកត្រពាំងប្រាសាទ កើតឡើងយ៉ាងគំហុក៕
លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ
លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ
This entry was posted in ព័ត៌មានអន្តរជាតិ by មនសិការខ្មែរ. Bookmark the permalink.
[ad_2]
Source link
Leave A Comment