[ad_1]

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ប៊យ  មករា ដែលអាងមានខ្នងបង្អែករឹងមាំនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីតាមបណ្ដាស្រុកនានាមករក្សាទុកក្នុងឃ្លាំងនៅភូមិភ្នំ សង្កាត់យក្ខឡោមក្រុងបានលុង តាមអំពើចិត្ត។ មន្រ្តីជំនាញ និងសមត្ថកិច្ចក្នុងក្រុងបានលុង មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ប៊យ មករា ឡើយព្រោះខ្លាចឥទ្ធិពលមន្រ្តីធំៗមួយចំនួនដែលនៅពីក្រោយខ្នងឈ្មួញរូបនេះ។ សូម្បីតែលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ក៏រក្សាភាពស្ងៀមស្ងាត់ដែរ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋក្នុងភូមិភ្នំ សង្កាត់យក្ខឡោម បានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ ប៊យ មករា ដឹកជញ្ជូនឈើពីស្រុកវ៉ើនសៃ មករក្សាទុកក្នុងឃ្លាំងនៅភូមិភ្នំ យ៉ាងពេញបន្ទុកជាពិសេសនៅពេលយប់។ នៅពេលរក្សាទុកឈើបានច្រើនទើបឈ្មួញឈ្មោះ ប៊យ មករា លើកឈើដាក់រថយន្តសាំយ៉ុងជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តជាតិអូរយ៉ាដាវ យ៉ាងរលូនព្រោះមានការឃុបឃិតជាប្រព័ន្ធ។ ប្រភពខ្លះបានបង្ហើបឲ្យដឹងថាប្រសិនបើគ្មានមន្រ្តីធំៗជាបង្អែក និងរង់ចាំទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះ ប៊យ មករា ទេនោះគឺឈ្មួញម្នាក់នេះមិនអាចបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនស្រេចតែអំពើចិត្តឡើយ។
ប្រភពពីមន្រ្តីនៅច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ករណីឈ្មួញឈ្មោះ ប៊យ មករា នៅតែអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន​ គឺមានការសម្រួលពីសំណាក់លោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវ ផងដែរ។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការទៅលើឈ្មួញឈ្មោះ ប៊យ មករា ជាបន្ទាន់។ ដោយសារថា បច្ចុប្បន្ននេះឈ្មួញឈ្មោះ ប៊យ មករា នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុកហើយមន្រ្តីអាជ្ញាធរ មន្រ្តីជំនាញ និងសមត្ថកិច្ចក្នុងខេត្តរតនគិរី មិនចាត់វិធានការបង្ក្រាបឡើយ៕

[ad_2]

Source link