[ad_1]
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញឈ្មោះ ចែ ផល្លា និងប្តី ព្រមទាំងប្អូនប្រុស២នាក់ទៀត នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ តាមអំពើចិត្តដដែល ជាពិសេសនៅពេលយប់។ សមត្ថកិច្ចនៅខេត្តព្រះវិហារ ជាពិសេសលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ចែផល្លា និងប្តី ព្រមទាំងបក្ខពួកនៅឡើយទេ។ ចំណែកលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ នៅតែរក្សាភាពស្ងៀមស្ងាត់ដោយទុកបណ្តោយឲ្យលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉នតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមិនខ្វល់ពីការរិះគន់អ្វីឡើយ។
តាមប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះ ចែផល្លា បានបង្ហើបឲ្យដឹងទៀតថា បើគ្មានការរួមដៃពីសំណាក់លោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុករវៀង ទេនោះគឺឈ្មួញរូបនេះ និងបក្ខពួកមិនអាចដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ពីស្រុគរវៀង ចូលមកដល់ខេត្តកំពង់ធំ បានទេ។ ទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធទើបឈ្មួញឈ្មោះ ចែផល្លា និងបក្ខពួកអាចបន្តសកម្មភាពដឹកជញ្ជូនឈើ ពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ យ៉ាងពេញបន្ទុក ហើយចៀសផុតពីការបង្ក្រាបជារៀងរហូតមកដល់ពេលនេះ។ ប្រភពខ្លះទៀត បានបញ្ជាក់ឲ្យដឹងដែរថា ឈ្មួញឈ្មោះ ចែផល្លា មានខ្នងបង្អែកក្រាស់ទើបគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាហ៊ានប៉ះពាល់ ហើយត្រឹមតែពួនសម្ងំទទួលយកផលប្រយោជន៍ពីឈ្មួញដឹកជញ្ជូនឈើខុសច្បាប់។
មជ្ឈដ្ឋាននានាបានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ចែផល្លា និងប្តី ព្រមទាំងប្អូនប្រុស២នាក់ ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ យ៉ាងពេញបន្ទុកនោះផង។ ដោយហេតុថា មន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងខេត្តព្រះវិហារ រួមទាំងលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ចែផល្លា និងបក្ខពួកដែលប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងពេញទំហឹងនោះឡើយ។ សូម្បីតែលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ក្នុងខណៈដែលឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ ទាំងថ្ងៃទាំងយប់៕
លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ
លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ
ឈ្មួញឈ្មោះ ចែផល្លា និងប្តី
This entry was posted in ព័ត៌មានស៊ើបអង្កេត by មនសិការខ្មែរ. Bookmark the permalink.
[ad_2]
Source link
Leave A Comment