ជប៉ុនគ្រោងផ្តល់ថវិកាចំនួន ១៤៥លានដុល្លារ ដល់កម្ពុជា ក្នុងវិស័យសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅភូមិគ្រឹះក្រុងតាខ្មៅ នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ថា ជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជា ចំនួន៣០ម៉ឺនដូស និងបានត្រៀមផ្ដល់ជំនួយដល់កម្ពុជា ជាបន្តទៀត ដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ ទឹកប្រាក់ប្រមាណជា១៤៥លានដុល្លារសហរដ្ឋអាមេរិក។

ទាក់ទងទៅនឹងវិស័យការពារជាតិ លោក Masahiro Mikami បានជម្រាបជូនសម្តេចតេជោថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា នៅកំពង់ផែរាម ក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ ។
ទាក់ទងទៅនឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន លោក Masahiro Mikami បានថ្លែងថា ជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេស និងផ្តល់នូវសម្ភារៈមួយចំនួនដែរ ហើយជប៉ុនក៏នឹងត្រៀម ផ្ដល់នូវកិច្ចសហប្រតិបត្តិការលើការគាំទ្រដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវភាពជោគជ័យក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។
ចំណែកការវិនិយោគ  ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានលើកឡើងថា ក្រុមហ៊ុន តូយ៉ូតា កំពុងតែរៀបចំស្នើសុំបង្កើត​រោងចក្រគ្រឿងបង្គុំនៅក្នុងប្រទេសកម្ពុជា ហើយក៏មានក្រុមហ៊ុនដទៃទៀតកំពុងតែស្នើសុំបង្កើតរោងចក្រផលិត​អគ្គិសនីដោយឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅកម្ពុជាផងដែរ។
លើសពីនេះទៀត ជប៉ុន គាំទ្រធ្វើយ៉ាងណាជំរុញកំពង់ផែក្រុងព្រះសីហនុឲ្យទៅជាកំពង់ផែស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជា​នារយៈពេលកន្លងមក ជាពិសេសថ្មីៗនេះដែលបានជួយលើការផ្ដល់វ៉ាក់សាំងកូវីដ១៩ មកដល់កម្ពុជា និងជំនួយដទៃទៀតជាបរិក្ខាផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ចំពោះការអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន និងការចូលចតនូវនាវាស្វ័យការពារជើង​ទឹករាមនៅកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមស្វាគមន៍ និងបានមានប្រសាសន៍ថា ក្នុងខួប៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) នៅឆ្នាំ២០២២ ខាងមុខនេះ យើងគប្បីណាធ្វើខួបនេះឱ្យក្លាយទៅជាការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ ។
សម្តេចក៏ស្វាមគមន៍ និងគាំទ្រចំពោះបំណងនៃការវិនិយោគរបស់ ក្រុមហ៊ុនតូយ៉ូតា មកកាន់ប្រទេសកម្ពុជា ក៏ដូចជាក្រុមហ៊ុនផលិតអគ្គិសនី និងការគាំទ្រកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា ផងដែរ៕



Source link