[ad_1]

ចែករំលែក៖ភ្នំពេញ ៖  លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យលើការអនុវត្តការងារនាពេលកន្លងមក និងដាក់ចេញនូវទិសដៅការងារបន្តឆ្នាំ២០២២។ 
កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងទេសចរណ៍  តាមរយៈប្រព័ន្ធចម្រុះ (Hybrid) ដែលមានការចូលរួមពីថ្នាក់ដឹកនាំស្ត្រីតាមអគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិទេសចរណ៍ នាយកដ្ឋាននានាចំណុះក្រសួងទេសចរណ៍ លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីជំនាញសរុបប្រមាណ១០០នាក់។
ថ្លែងក្នុងកិច្ចប្រជុំ លោកស្រី រដ្ឋលេខាធិការបានលើកឡើងថា ដើម្បីចូលរួមអនុវត្តគោលនយោបាយ «សមភាពយេនឌ័រ» ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្របញ្រ្ជាបនិងលើកកម្ពស់យេនឌ័រក្នុងវិស័យរបស់ខ្លួនស្របតាមយន្តការជាតិ។ 
ដោយឡែកក្នុងបរិការណ៍កូវីដ-១៩ ក្រសួងទសេចរណ៍បានខិតខំតាមគ្រប់រូបភាព ដើម្បីជួយបង្កើនភាពអង់អាចដល់ស្ត្រីតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលទាំងក្នុងកម្រិតជាតិនិងតំបន់ ទាំងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ សំដៅជួយស្ត្រីឱ្យមានទាំងជំនាញទន់ និងជំនាញរឹងសម្របទៅតាមទីផ្សារការងារ និងក្លាយទៅជាអ្នកដឹកនាំនៅក្នុងអាជីវកម្ម សេវាកម្ម ព្រមទាំងត្រៀមខ្លួនសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍។
លោកស្រី រដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថាក្រសួងទេសចរណ៍ បាននិងកំពុងខិតខំជំរុញចលនាទេសចរណ៍ក្នុងស្រុកជាមួយនឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍  នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) និងការវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះក៏កំពុងខិតខំពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ចឱ្យកាន់តែល្អថែមទៀត និងបានជំរុញការចូលរួមរបស់ស្ត្រីក្នុងការអនុវត្តផែនទីចង្អុលផ្លូវ(Road-Map) ស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ (២០២០-២០២៥)។ ទន្ទឹមនឹងការងើបឡើងវិញនៃចលនាទេសចរក្នុងស្រុក មូលដ្ឋានអាជីវកម្មមួយចំនួនបានចាប់ផ្តើមបើកដំណើរការឡើងវិញ ដែលផ្តល់ឱកាសឱ្យបុគ្គលិកបានចូលបម្រើការរួមទាំងស្ត្រីផងដែរ។ ក្នុងន័យនេះស្រ្តីភាគច្រើនក៏បាននិងកំពុងបន្តការងារតាមបែបគន្លងថ្មី ហើយមួយចំនួនទៀតក៏បានងាកទៅឈោងចាប់យកមុខរបរផ្សេងក្នុងអន្តរកាលនៃវិបត្តិជំងឺកូវីដ-១៩។ 
នៅក្នុងឆ្នាំ២០២១នេះ ដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ កម្លាំងពលកម្មស្ត្រីនៅក្នុងវិស័យទេសចរណ៍មានការថយចុះគួរឱ្យកត់សម្គាល់ ពោលគឺបានធ្លាក់ចុះពី៦០% មកនៅត្រឹមប្រមាណ៤៧%នៃកម្លាំងពលកម្មសរុបដែលកំពុងបម្រើការ។ ការធ្លាក់ចុះនេះបណ្តាលមកពីសេវាកម្មកម្សាន្តទេសចរណ៍មាន៖ ខារ៉ាអូខេ ក្លឹបកម្សាន្ត សេវាម៉ាស្សា ស្ប៉ា បៀរហ្គាឌិន ឌីស្កូតែក ដែលជាសេវាកម្មមានស្ត្រីបម្រើការងារច្រើនជាងគេ ក្នុងចំណោមសេវាកម្មទេសចរណ៍ត្រូវបានបិទ-ផ្អាកមិនឱ្យដំណើរការ។ ការបាត់បង់ការងារទាំងនោះបណ្តាលឱ្យស្ត្រីមួយចំនួនប្រឈមនឹងភាពក្រីក្រ និងអំពើហិង្សាជាងបុរស។ ប៉ុន្តែការណ៍នេះមិនមែនចំពោះតែស្ត្រីនៅក្នុងវិស័យទេសចរណ៍កម្ពុជានោះទេ ទាំងស្ត្រីក្នុងតំបន់និងអន្តរជាតិផងដែរ។
ទន្ទឹមនេះ ដើម្បីស្តារឡើងវិញ គោលនយោបាយនិងកម្មវិធីនានារបស់ក្រសួងនៅតែបន្តជំរុញនិងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ និងមើលឃើញពីសក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យមួយនេះចំពោះសេដ្ឋកិច្ចជាតិ។ ក្រសួងបានយកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីជំរុញចលនាទេសចរក្នុងស្រុក និងត្រៀមទទួលទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួចហើយ សំដៅធ្វើយ៉ាងណាឱ្យស្ត្រីទទួលបាននូវឱកាសការងារបន្ថែមទៀតពីវិស័យមួយនេះក្នុងឆ្នាំ២០២២ខាងមុខ។
កិច្ចប្រជុំនេះផងដែរ ក៏បានអនុញ្ញាតឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្តមួយចំនួនធ្វើការចែករំលែកអំពីបទពិសោធន៍នៃការអនុវត្តការងារនារី និងយេនឌ័ររបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម សំដៅដាក់ចេញនូវវិធានដំណោះស្រាយរួមគ្នា ព្រមជាមួយគម្រោងផែនការអនុវត្តបន្តនៅឆ្នាំ២០២២ ដើម្បីពង្រឹង-ពង្រីកសកម្មភាព និងសមត្ថភាពរបស់ស្ត្រីនៅក្នុងវិស័យមាសបៃតងមួយនេះឱ្យកាន់តែប្រសើរឡើង៕

ដោយ ៖ សិលា
ចែករំលែក៖

[ad_2]

Source link