[ad_1]

រាជធានីបាងកក៖ កំពូលអ្នកជំនាញខាងវីរុស ជនជាតិថៃ បានព្យាករថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) អាចនឹងផ្ទុះការឆ្លងយ៉ាងខ្លាំង នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

​សារព័ត៌មានថៃ The Nation បានចេញផ្សាយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ថា ​លោកវេជ្ជបណ្ឌិត យ៉ុង ភូវ៉ូរ៉ាវ៉ាន់ (Yong Poovorawan) អ្នកជំនាញកំពូលខាងវីរុស ជនជាតិថៃ បានសរសេរបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ថា វីរុសបំប្លែងខ្លួនថ្មី Omicron  បានមកដល់ប្រទេសថៃ ហើយកំពុងតែឆ្លងរាតត្បាត។​

លោកវេជ្ជបណ្ឌិត យ៉ុង ភូវ៉ូរ៉ាវ៉ាន់ បានពន្យល់ថា ការព្រួយបារម្ភយ៉ាងខ្លាំងបំផុត គឺអ្នកដំណើរ ដែលបានធ្វើតេស្ដ រកឃើញអវិជ្ជមាន នៅក្នុងអំឡុងពេលវាភ្ញាស់ ហើយត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងប្រទេសថៃ ក្រោមគម្រោង «​The Test & Go »។ ករណីនេះ ពិតជា​ពិបាកខ្លាំង ក្នុងការកំណត់អត្តសញ្ញាណប្រភពដើម នៃការឆ្លងមេរោគ Omicron នៅក្នុងប្រទេសថៃ ដោយសារតែព្រឹត្តិការណ៍ជាច្រើន កំពុងតែប្រារព្ធឡើង ហើយវាអាចនាំឱ្យមានការឆ្លងវីរុសនេះ កាន់តែខ្លាំងឡើង។​
លោកវេជ្ជបណ្ឌិត យ៉ុង ភូវ៉ូរ៉ាវ៉ាន់ បានបញ្ជាក់ថា «រលក នៃការឆ្លងអូមីក្រុង នៅក្នុង​ប្រទេសថៃ គឺមិនហួសពីការរំពឹងទុករបស់យើង ព្រោះវាអាចឆ្លង​យ៉ាងឆាប់រហ័ស សូម្បីតែអ្នកទទួលបានការចាក់វ៉ាក់សាំង ចំនួន២ដូសហើយក្ដី។​ ដូច្នេះ ពលរដ្ឋគួរតែប្រកាន់​ខ្ជាប់ខ្ជួននូវវិធានការនានា ដើម្បីទប់ស្កាត់នូវការឆ្លងរាតត្បាត ពីវីរុសនេះ។​

លោកវេជ្ជបណ្ឌិត​ យ៉ុង ភូវ៉ូរ៉ាវ៉ាន់ បានទទួលស្គាល់ថា លោកពិតជា​មានការព្រួយបារម្ភ ថា មនុស្សធ្វើដំណើរ នៅក្នុងអំ​ឡុងពេលសម្រាកចូលឆ្នាំថ្មីនេះ វា​នឹងអាចធ្វើឱ្យ Omicron ឆ្លងរីករាលដាលបន្ថែមទៀត៕

[ad_2]

Source link